

សាកលវិទ្យាល័យចរើនពហុបច្ចេកវិទ្យាអបអរសាទរទិវាវប្បធម៌ ៣មីនា
ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ដឹកនាំដោយឯកឧត្តមបណ្ឌិត ជា ចំរើន បានប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី១២ ក្រោមប្រធានបទ ប្រាសាទព្រះវិហារជាទីសក្ការៈ ជាស្នាដៃឯករបស់ខ្មែរ និងជាបេតិកភ័ណ្ឌពិភពលោក។
ការប្រារព្ធអបអរទិវាវប្បធម៌ជាតិនេះឡើងគឺជាការដាស់ស្មារតីដល់កូនខ្មែរពិសេសដល់និស្សិតទាំងអស់ត្រូវចេះស្រឡាញ់និងចូលរួមអភិរក្ស អភិវឌ្ឍន៌សិល្បៈវប្បធម៌ខ្មែរ ពោលគឺកម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌ ស្របតាមស្មារតីនៃពាក្យស្លោក (កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ)។
ឯកឧត្តមបណ្ឌិត ជា ចំរើន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកថា វប្បធម៌ អរីយធម៌ខ្មែរ គឺជាដួងព្រលឹង និងជាអត្តសញ្ញាណរបស់ប្រជាជាតិខ្មែរយើង។ ដោយឯ.ឧ បានឆ្លៀតយកឳកាសនេះ ថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែងពុះពារជំនះនូវរាល់ឧបស័គ្គសព្វបែបយ៉ាង ក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាទិសក្ការៈរបស់ខ្មែរ បានចូលជាសម្បត្តិបេតិភ័ណ្ឌពិភពលោក រហូតសម្រេចបានលទ្ធផលដ៏ជោគជ័យកាលពីថ្ងៃ៧ កក្កដា ២០០៨ កន្លងមកនោះ។
ឯ.ឧ បានគូសបញ្ជាក់ទិវាវប្បធម៌ជាតិលើកទី១២ គឺសំដៅរំលេចនូវតម្លៃឯកនៃប្រាសាទព្រះវិហារ និងជាការបញ្ជាក់ពីអធិបតីភាពរបស់កម្ពុជាលើប្រាង្គប្រាសាទ និងលើដែនដីដ៏ពិសិដ្ឋរបស់ខ្មែរយើង។ ព្រះវិហារជាចំណែកមួយនៃជីវិតរបស់កម្ពុជាមិនអាចកាត់ផ្តាច់ចេញបានឡើយ។ ដូចនេះការបង្កើតទិវានេះឡើងគឺជាការបំផុសដល់ខ្មែរគ្រប់រូប ចូលរួមថែរក្សាលើកស្ទួយវប្បធម៌ជាតិ ក៏ដូចជាការបំផុសស្មារតីទិវាវប្បធម៌ជាតិនេះ ឲ្យបានផុលផុសជ្រាបក្នុងមនៈសិការខ្មែរពិសេសយុវវ័យជំនាន់ក្រោយ ពោលគឺទាំងអស់គ្នា ដើម្បីការពារវប្បធម៌ជាតិ ហើយវប្បធម៌ជាតិដើម្បីទាំងអស់គ្នា។
(រៀបចំនិងដកស្រង់អត្ថបទដោយ ប៉ាង យួងថាមពល)