
ពិធីបិទវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជារបស់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា
ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាបានបញ្ចប់វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋាន និងទទួលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សានៅព្រឹកថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ២០១០។
វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១០ ក្នុងគោលបំណងផ្ដល់ចំណេះដឹងឲ្យដល់និស្សិតនៃក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ទទួលបានការយល់ដឹងច្បាស់លាស់ពីការងារមនុស្សធម៌ទាំងឡាយរបស់សមាគមជាតិកាកបាទក្រហមកម្ពុជា ក្នុងកិច្ចប្រតិបត្តិការជួយជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗ ។
ថ្លែងបិទវគ្គបណ្ដុះបណ្ដាលនេះ ឯ.ឧ បណ្ឌិត ជា ចំរើន សមាជិករដ្ឋសភាជាតិ និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលវគ្គបណ្ដុះបណ្ដាលសម្រេចបានដ៍ត្រចះត្រចង់ថ្ងៃនេះ ។
ឯ.ឧ បណ្ឌិត ជា ចំរើន បានរំលឹកពីប្រវត្តនៃការកកើតឡើងរបស់កាកបាទក្រហមអន្តរជាតិក្នុងអំឡុងឆ្នាំ១៨៦៣ នៃសង្រ្គាមលោកលើកទី១ ដោយពិនិត្យឃើញពីភាពឈឺចាប់ រងទុក្ខខ្លោចផ្សារ លោក ហង្សរី ឌុយណង់( Henri Dunant ) បានផ្ដួចផ្ដើមបង្កើតឲ្យមានសមាគមកាកបាទក្រហម នេះឡើង សំដៅយកអាសារមនុស្សជាតិដោយទង្វើមនុស្សធម៌ ។ ឥទ្ធិពលនៃទង្វើមនុស្សធម៌នេះ ត្រូវបានកម្ពុជាយើងយកមកអនុវត្តនៅក្នុងសង្គមជាតិរហូតដល់សព្វថ្ងៃនេះ ។
ឯ.ឧ បណ្ឌិត បានគូសបញ្ជាក់ថាៈ សមាគមជាតិកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់លោកជំទាវទី១ ប៊ុន រានី ហ៊ុនសែន ជាប្រធាន គឺមានការរីកចំរើនខ្លាំងក្នុងកិច្ចប្រតិបត្តិការ មនុស្សធម៌ ជួយយកអាសារដល់ជនរងគ្រោះ ដោយគ្មានការរើសអើងអ្វីឡើយ ។ តាមរយះសកម្មភាពប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់របស់លោកជំទាវបណ្ឌិត ប៊ុន រានី ហ៊ុនសែន ត្រូវបានមតិជាតិ និងអន្តរជាតិទទួលស្គាល់លោកជំទាវជាឥស្សរជនឆ្នើមក្នុងវិស័យអេដស៍ និងការងារមនុស្សធម៌ ។
ដូច្នេះចំណេះដឹងដែលយុវជនយើងទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ គឺជាការបង្រៀនឲ្យយុវជនយើងចេះធ្វើសកម្មភាពរបស់ខ្លួន ដើម្បីឲ្យក្លាយទៅជាមនុស្សល្អសំរាប់សង្គម ។ ឯ.ឧក៍បានផ្ដល់នូវទស្សនៈមួយចំនួន ពាក់ព័ន្ធជាមួយការអប់រំ ការធ្វើខ្លួនឲ្យក្លាយជាមនុស្សល្អ ប្រកបដោយចំណេះដឹង សីលធម៌ គុណធម៌ និងជាអ្នកដឹកនាំល្អទៅអនាគត ។ ឯ.ឧក៍បានជូន វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដល់សិក្សាកាមចំនួន១០០នាក់ និងបានឧបត្ថម្ភថវិកាដល់គ្រូឧទ្ទេសនាមក្នុងម្នាក់ៗចំនួន ១០០០០០រៀល និងសិក្សាកាមក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ១០០០០ រៀលផងដែរ ។
( រៀបចំនិងដកស្រង់អត្ថបទដោយ ប៉ាង យួងថាមពល )