ប្រទេសកម្ពុជាធ្លាប់មានអារ្យធម៌ដ៏ឧត្តុង្គឧត្តមថ្កុំថ្កើងនិងមានកិត្យានុភាពខ្ពង់ខ្ពស់ភ្លឺចែងចាំង ដូចពេជ្រពណ្ណរាយ តែត្រឡប់ជាធ្លាក់ខ្លួនដ៏សែនកំសត់ និងសែនរន្ធត់ក្នុងសង្គ្រាមបំផ្លិចបំផ្លាញនិង ទុក្ខវេទនាគ្រប់បែបយ៉ាងអស់រយៈពេលជាងពីរទស្សវត្សមកហើយ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណដ៏ឈ្លាសវៃរបស់ បណ្ឌិតសភាវិទ្យាសាស្រ្តធម្មជាតិសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យ ប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ ប្រកបដោយសុខុមាលភាពពលរដ្ឋពេញលេញ។
ដោយយល់ឃើញថាភារកិច្ចចាំបាច់សម្រាប់អនាគត និងដើមី្បភាពរឹងមាំយូរអង្វែងនៃការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាពនិងសីលធម៌វិជ្ជាជីវៈ ដើម្បីចូលរួមចំណែក អភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការគាំទ្រខាងស្មារតីនិងសម្ភារៈរបស់ បណ្ឌិតសភាវិទ្យាសាស្រ្តធម្មជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំបានប្រែក្លាយអង្គការអភិវឌ្ឍន៍យុវជនខ្មែរដែលជាអង្គការមិនមែនរដ្ឋាភិបាល ទៅជាសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ហើយត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាតាមអនុក្រឹត្យលេខ៥៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០២។ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បានបង្កើតឡើងជាបីដំណាក់កាលគឺ៖
- ដំណាក់កាលទី១៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩០ បង្កើតជាអង្គការមិនមែនរដ្ឋាភិបាល ហៅថាអង្គការអភិវឌ្ឍន៍យុវជនខ្មែរ ក្នុងគោលបំណងអភិវឌ្ឍយុវជនខ្មែរ និងសីលធម៌ សង្គម។
- ដំណាក់កាលទី២៖ នៅថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ១៩៩៨ បានកែប្រែពីអង្គការអភិវឌ្ឍន៍យុវ ជនខ្មែរទៅជាវិទ្យាស្ថានកម្ពុជាសម្រាប់អភិវឌ្ឍន៍និងសិទ្ធិមនុស្សក្នុងគោលក្នុងគោល បំណងអភិវឌ្ឍធនធានមនុស្សនិងអប់រំសិទ្ធិមនុស្ស។
- ដំណាក់កាលទី៣៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០២ បានកែប្រែពីវិទ្យាស្ថានកម្ពុជាសម្រាប់អភិវឌ្ឍន៍និងសិទ្ធិមនុស្ស ទៅជាសាកលវិទ្យាល័យចំរើនពហុច្ចេកវិទ្យាក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្ស កសាងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈ។